អន្តរជាតិ៖ កប៉ាល់ដឹកហ្គាសរុស្ស៊ីមួយគ្រឿងបានមកដល់កំពង់ផែ Bilbao របស់អេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា។ នាវានោះមានឈ្មោះ Nikolay Urvantsev ដែលបំពាក់ទង់ជាតិហុងកុង។
ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចមកលើរុស្ស៊ីចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ ក៏រឿងមួយមិនត្រូវបានប៉ះពាល់មកទល់ពេលនេះទេគឺ លំហូរឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប ថវិកាដែលត្រូវចំណាយសម្រាប់ទិញវា។
អឺរ៉ុបនៅតែពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ីដែលផ្គត់ផ្គង់ប្រហែល ៤០%នៃតម្រូវការរបស់ខ្លួន ហើយឥឡូវនេះមានការព្រួយបារម្ភថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចប្រើវាដើម្បីសងសឹកនឹងទណ្ឌកម្ម។ ប៉ុន្តែរុស្ស៊ី ដែលបូមឧស្ម័នតាមបំពង់បង្ហូរប្រេងកាត់អ៊ុយក្រែន និងប្រទេសអឺរ៉ុបខាងកើតផ្សេងទៀត ទាមទារប្រាក់ចំណូល ឥឡូវនេះច្រើនជាងមុនទៅទៀត។
រហូតមកដល់ពេលនេះមិនមានការរំខានណាមួយក្នុងការផ្គត់ផ្គង់ឧស្ម័ននោះទេ។
យោងតាមអ្នកទិញដូចជា Uniper និង RWE នៅប្រទេសអាល្លឺម៉ង់ និងពាណិជ្ជករនៅតំបន់បាល់ទិកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបក្នុងកិច្ចសន្យារយៈពេលវែង។
នៅក្នុងខែមករា ដោយសារភាពតានតឹងជាមួយរុស្ស៊ីកំពុងកើនឡើង ឧស្ម័នរបស់រុស្ស៊ីបានថយមកនៅជិត ៦ភាគរយនៃការនាំចូលរបស់អេស្ប៉ាញធៀបនឹង ១១ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២០។
ចាប់តាំងពីឆ្នាំមុនរុស្ស៊ីទើបតែបានចែកចាយបរិមាណតាមកិច្ចសន្យា ដោយនិយាយថាអ្នកទិញមិនបានស្នើសុំបរិមាណបន្ថែមទេហើយថាមិនមានឧស្ម័នទំនេរច្រើនទេ។ កត្តានេះបានធ្វើឲ្យតម្លៃឡើងថ្លៃព្រោះកាលពីអតីតកាល រុស្ស៊ីតែងតែផ្តល់ការផ្គត់ផ្គង់បន្ថែម។ តម្លៃក៏បានកើនឡើងផងដែរ ដោយសារតែអ្នកផលិតធំៗផ្សេងទៀតបានជួបការលំបាកក្នុងការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀត ចំពេលទីផ្សារពិភពលោកតឹងតែងខ្លាំង និងតម្រូវការកើនឡើងដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត៕