ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

ក្រសួងសាធារណការចុះណែនាំ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលមានបញ្ហាជាមួយផ្លូវល្បឿនលឿន

ភ្នំពេញ-ព្រះសីហនុ៖ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ឹង សុគង់ បានដឹកនាំមន្រ្តីជំនាញ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនចុះពិនិត្យទីតាំងមួយចំនួនដែលពលរដ្ឋមានបញ្ហាជាមួយផ្លូវល្បឿនលឿន ដោយបានណែនាំ និងសិក្សាពីដំណោះស្រាយជូនពលរដ្ឋ។

បញ្ហាដែលកើតមានទាក់ទងនឹងផ្លូវល្បឿនលឿនបច្ចុប្បន្នរួមមានការលួចកាត់របងបន្លាលួសការពារផ្លូវ និងការលែងសត្វពាហនៈឱ្យដើរលើផ្លូវល្បឿនលឿនជាដើម។

លោក ស៊ឹង សុគង់ បានដឹកនាំក្រុមការងារចុះពិនិត្យលើទីតាំងមួយចំនួន ហើយធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់របងបន្លាលួសនេះបន្តទៀត ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន។

ជាមួយនឹងការណែនាំលោកក៏ទទួលយកសំណើពីពលរដ្ឋមកពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយជូនពលរដ្ឋផងដែរ។

ក្នុងការពិនិត្យទីតាំងមួយកន្លែងក្នុងភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលពលរដ្ឋមានផ្ទះជាប់ផ្លូវល្បឿនលឿនបានកាត់បន្លាលួសដើម្បីយកផ្លូវធ្វើដំណើរចេញពីផ្ទះ ត្រូវបានលោក ស៊ឹង សុគង់ ចុះពិនិត្យដោយផ្ទាល់នឹងឃើញថាមានផ្លូវចាស់មួយដែលត្រូវបានបោះបង់ចោលនឹងអាចកែលម្អឡើងវិញបានផងដែរ។ ដោយក្នុងករណីនេះក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុនបានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនពួកគាត់ និងបានធ្វើការណែនាំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិតពួកគាត់ផង និងអ្នកធ្វើដំណើរតាមផ្លូវផង។

ពាក់ព័ន្ធនឹងបញ្ហាដែលកើតឡើងនេះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ធ្លាប់បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ និងបញ្ឈប់សកម្មភាពនេះបន្តទៀតផងដែរ។

គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរចូលរួមអនុវត្តតាមសេចក្តីណែនាំ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក