កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រដ្ឋមន្ត្រីសាធារណការបញ្ជាក់ថានឹងមិនបោះបង់ផ្លូវជាតិលេខ៤ចោលនោះទេ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាបើទោះបីពេលនេះផ្លូវល្បឿនលឿនត្រូវបានសាងសង់រួចនឹងអាចដាក់ដំណើរការក្នុងឆាប់ខាងមុខក្ដី តែដំណើរការនៃការជួសជុលអភិវឌ្ឍន៍ផ្លូវជាតិលេខ៤នឹងត្រូវបន្តដដែល។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ក្នុងពេលចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថាការស្ដារផ្លូវជាតិលេខ៤ត្រូវបានធនាគារពិភពលោកផ្ដល់ជំនួយឱ្យ ខណៈការស្ដារនឹងត្រូវធ្វើនាពេលខាងមុខ។ លោកបញ្ជាក់ថាមូលហេតុដែលមិនបានធ្វើក្នុងអំឡុងពេលនេះគឺដោយសារក្នុងរដូវវស្សាដែលមិនអាចសាងសង់បាន។

លោកថា៖ «យើងមិនបោះបង់ផ្លូវជាតិលេខ៤ទេ នៅតែធ្វើហើយពង្រីកទៀតពី ៧ម៉ែត្រឡើងដល់ ១១ម៉ែត្រឯណោះ»។

លោកបន្ថែមថាការស្ដារនឹងពិនិត្យទៅស្ថានភាពផ្លូវដែលមានកន្លែងមួយចំនួនប្រឈមនឹងទឹកលិចក៏ត្រូវលើកបន្ថែម ជាពិសេសក៏នឹងសាងសង់ស្ពានបន្ថែមផងដែរ។

ធនាគារពិភពលោកបានផ្ដល់ហិរញ្ញប្បទាន ១១០លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ការសាងសង់ និងកែលម្អផ្លូវជាតិលេខ៤ ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនចរាចរណ៍នាពេលបច្ចុប្បន្ន និងជួយសម្រួលដល់វិស័យដឹកជញ្ជូនធុនធ្ងន់។

បើតាមក្រសួងសាធារណការគម្រោងសាងសង់ និងកែលម្អផ្លូវជាតិលេខ៤ ចាប់ផ្តើមពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយគម្រោងនេះបានចាប់ផ្តើមជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦ រួមមានការពង្រីកផ្លូវបច្ចុប្បន្នពី ៧ ទៅ ១១ម៉ែត្រ ការកែលម្អស្ពានបេតុង និងលូបង្ហូរទឹកចំនួន ៤៦ កន្លែង និងការសាងសង់ស្ពានថ្មីចំនួន ៨ ដើម្បីធានាចរាចរណ៍ និងទប់ទល់នឹងទឹកជំនន់ផ្លូវជាតិលេខ៤ មានប្រវែងជាង ២៣០គីឡូម៉ែត្រ តភ្ជាប់ពីរាជធានី ទៅកំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក