ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

កម្ពុជាត្រៀមបញ្ឈប់ការបំពេញឯកសារដោយប្រើក្រដាសចំពោះការចេញចូលនាវា

ភ្នំពេញ៖ កម្ពុជាបានដាក់ដំណើរការសាកល្បងនូវប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីសម្រួលដល់ការចូលនាវាក្នុងកំពង់ផែរបស់កម្ពុជា។ ពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃពុធ ទី១៧ ខែសីហានេះ។

រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យនេះគឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញចូលនៅកម្ពុជា ដោយប្ដូរពីការធ្វើការដោយដៃមកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ ដែលជួយសម្រួលដល់នីតិវិធីចេញចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនអន្តរជាតិ។

លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់បន្ថែមថា៖ «ពីដើមគឺនាវាចេញចូលនៅកម្ពុជាយើងគឺការស្នើសុំចេញចូលគឺធ្វើដោយក្រដាសទាំងអស់ប្រើពេលវេលាយូរ។ អញ្ចឹងដោយសារមានជំនួយពី JICA យើងធ្វើប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិកកំពង់ផែដូច្នេះពេលដែលនាវាមុនមកដល់កម្ពុជាយើងគាត់បំពេញបែបបទតាមអនឡាញ អញ្ចឹងមន្ត្រីមានសមត្ថកិច្ចយើងពិនិត្យគ្រប់ឯកសារទាំងអស់ធ្វើកិច្ចការបាន ពេលគាត់មកដល់ភ្លាមគាត់ចូលបាន។ បើពីដើមគាត់ត្រូវនៅអង្គុយចាំ កប៉ាល់នៅចតចោលនៅកណ្ដាលសមុទ្រទៅមិនទាន់បានចូលកំពង់ផែដោយសារព័ត៌មានមិនទាន់មកដល់»

បច្ចុប្បន្នកម្ពុជាមានកំពង់ផែអន្តរជាតិធំៗពីរគឺ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបម្រើសេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ ក្នុងប្រទេស និងក្រៅប្រទេស ហើយកំពង់ផែទាំងពីរបានដំណើរការបែបបទនាវាចេញចូលតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលងាយនឹងជួបប្រទះបញ្ជាប្រឈមនៅពេលដែលចំនួននាវា និងទំនិញមានការកើនឡើងយ៉ាងច្រើននាពេលខាងមុខ។

កំពង់ផែក្រុងព្រះសីហនុក៏កំពុងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដោយពង្រីកបន្ថែមនូវចំណតកុងតឺន័រ ដែលនឹងធ្វើឱ្យកំពង់ផែនេះក្លាយជាកំពង់ផែលំដាប់អន្តរជាតិ ដែលនឹងទទួលបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១លានទូក្នុងមួយឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រមកកម្ពុជានឹងកាន់តែចុះទាបឬប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៃប្រទេសជិតខាង៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក