ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាបានចាប់ផ្ដើមនៅទូទាំងប្រទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា គណបក្សនយោបាយដែលបានចូលរួមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានដង្ហែក្បួនឃោសនាគណបក្សរៀងៗខ្លួន ដើម្បីប្រជែងយកប្រជាប្រិយ៍ភាពឱ្យប្រជាជនបោះឆ្នោតជូនគណបក្សខ្លួន។

គណបក្សចំនួន១៧ នឹងចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីខែមីនា។

គណបក្សធំជាងគេនៅកម្ពុជាគឺគណបក្សប្រជាជនបានផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងប្រទេសដោយបានបង្ហាញអំពីកម្លាំងសរុបគាំទ្រគណបក្សនេះរាប់លាននាក់ ខណៈកម្លាំងគាំទ្ររបស់គណបក្សដទៃហាក់មិនសូវមានកម្លាំងចូលរួមឃោសនា។

ក្នុងសារលិខិតរបស់សម្ដេចតេជោ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចំពោះមុខប្រជាជនថា គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីក ចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

ប្រធានគណបក្សប្រជាជនសម្ដេចតេជោ ហ៊ុន សែន ថា៖ «រយៈពេល ៤៣ឆ្នាំកន្លងទៅនេះបន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារ ឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ឱ្យ ឈានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំង ស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន សម្រេចបាន សមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ»។

សម្ដេចតេជោ បានបន្ថែមថាបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាពនិងការឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។

អ្នកគាំទ្រគណបក្សប្រជាជន អ្នកស្រី សេង លាងឆៃ បានឱ្យដឹងថា៖ «ខ្ញុំស្រលាញ់គណបក្សប្រជាជាតិតាំងពីលើកដំបូង ខ្ញុំរស់ដោយសារគណបក្សប្រជាជន ហើយខ្ញុំមានសុខសប្បាយគឺដោយសារគណបក្សប្រជាជនដែរ។ […] (ការបោះឆ្នោតឃុំ-សង្កាត់) មានសារៈសំខាន់ព្រោះអីបានជួយកសាងភូមិ ឃុំ យើងបានល្អ។ សូមបោះឆ្នោតជូនគណបក្សប្រជាជនទៅព្រោះអីគាត់ដឹកនាំល្អណាស់តាំងពីឆ្នាំ៧៩មក គឺល្អតែម្ដង»។

បន្ថែមពីលើនេះ លោក ភារ៉ាត ក៏បានឱ្យដឹងផងដែរថា៖ «ថ្ងៃនេះគឺជាថ្ងៃឃោសនាបោះឆ្នោតគណបក្សតាមឃុំ-សង្កាត់ រៀងៗខ្លួន ហេតុនេះខ្ញុំចូលរួមជាមួយគណបក្សប្រជាជន ដែលជាគណបក្សដែលខ្ញុំពេញចិត្ត។ […] មូលហេតុដែលការបោះឆ្នោតឃុំ-សង្កាត់មានសារៈសំខាន់គឺយើងមានសិទ្ធិបញ្ចេញមតិក្នុងការជ្រើសរើសមេដឹកនាំរបស់យើង ហើយក៏ជាការទុកចិត្តទៅលើថ្នាក់ដឹកនាំដែលធ្វើការអភិវឌ្ឍប្រទេសជាតិយើងផងដែរ»។

នៅថ្ងៃដំបូងនៃការឃោសនានេះមានគណបក្សមួយទៀតដែលកំពុងចាប់អារម្មណ៍ផងដែរនោះគឺគណបក្សភ្លើងទៀនក៏បានដង្ហែរក្បូនឃោសនាក្នុងរាជធានីភ្នំពេញ។ ថ្វីត្បិតតែអ្នកគាំទ្របក្សនេះថាប្រជាធិបតតេយ្យនៅកម្ពុជាហាក់នៅមិនទាន់ពេញលេញ តែពួកគេសប្បាយចិត្តដែលបានចូលរួមឃោសនា និងបោះឆ្នោតនៅឆ្នាំនេះ។

ពលរដ្ឋរស់នៅសង្កាត់កោះដាច់ អ្នកស្រី សូវីណា អាយុ ៥០ឆ្នាំបានថ្លែងថា៖ «អារម្មណ៍របស់ខ្ញុំគឺមានការសប្បាយចិត្តព្រោះយើងខានឃោសនាអញ្ចឹងប្រហែលជាង៤-៥ឆ្នាំហើយតាំងពីគេរំលាយបក្សសង្គ្រោះជាតិមក ប៉ុន្ដែបក្សភ្លើងទៀនគេហែរក្បួនតូច តែម្ដងនេះយើងចូលរួមបោះឆ្នោតឃុំសង្កាត់នេះជាក្បួនធំ។ [...] សារៈសំខាន់យើងចង់ចូលរួមក្នុងឃុំ-សង្កាត់នឹងដើម្បីការពារប្រជាពលរដ្ឋដែលគាត់មានការលំបាកក្នុងការធ្វើក្រដាសស្នាមអីអញ្ចឹងណា។ ព្រោះពីមុនមានបក្សតែមួយគាត់ជិះសេះលែងដៃអញ្ចឹងពលរដ្ឋមានពិបាក ឥឡូវយើងចូលរួមមានបក្សភ្លើងទៀនយើងជួយប្រជាពលដែលគាត់ពិបាកធ្វើក្រដាសស្នាមធ្វើអីអញ្ចឹងយើងជួយនាំយកលទ្ធិប្រជាធិបតេយ្យមកឱ្យគាត់ស្គាល់តាមគណបក្សភ្លើងទៀន»។

អ្នកគាំទ្រគណបក្សភ្លើងទៀន អាយុ ៥០ឆ្នាំ៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តដោយសារតែប្រជាពលរដ្ឋយើងកាន់លទ្ធិប្រជាធិបតេយ្យចូលចិត្តអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោតបើតាមលទ្ធិប្រជាធិបតេយ្យពិតមែនគឺគណបក្សភ្លើងទៀនប្រាកដជាឈ្នះ។ […] សំណួរតើលោកយល់ថាការបោះឆ្នោតឆ្នាំនេះមានប្រជាធិតេយ្យទេ? មិនអាចសន្និដ្ឋានបានទេខ្ញុំថា ៥០% និង៥០%ចុះ»។

ការឃោសនានាថ្ងៃនេះគេក៏ឃើញមានការដង្ហែរជ្រួសផ្លូវគ្នារវាងគណបក្សប្រជាជន និងគណបក្សភ្លើងទៀន និងគណបក្សដទៃទៀត តែការដង្ហែរគឺប្រព្រឹត្តិទៅដោយរលូន គ្មានការរើសអើង គ្មានហិង្សា និងស្មើភាពគ្នា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីទាំងអស់ ឱ្យប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវថ្នល់ និងពេលវេលា ដើម្បីឱ្យគណបក្ស នយោបាយនីមួយៗអនុវត្តកម្មវិធីរបស់ខ្លួន និងការហែរក្បួនឃោសនារបស់ពួកគេ។

នាយកប្រតិបត្តិនៃអង្គការនិកហ្វិច (Necfic ) លោក សំ គន្ធាមី បានកត់សម្គាល់ថាថ្ងៃឃោសនាដំបូងមានគណបក្សចំនួន២ ដែលចេញឃោសនាទ្រង់ទ្រាយធំគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន តែថាមិនឃើញមានភាពមិនប្រក្រតីណាមួយកើតឡើងក្នុងការឃោសនានេះទេ។

លោកថា៖ «សម្រាប់ថ្ងៃដំបូងនេះគឺមិនមានភាពមិនប្រក្រតីអីទេគឺមានភាពរលូនច្រើនតាមការសង្កេតរបស់ខ្ញុំ»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានប្រាប់ EAC News ថា ការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះបានប្រព្រឹត្តិទៅដោយរលូន មានអ្នកចូលរួមច្រើន មានការសហការគ្នាល្អជាមួយអាជ្ញាធរមូលដ្ឋាន និងគ្មានហិង្សា ដែលបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយនៅកម្ពុជា។

លោកថា៖ «អញ្ចឹងការសន្និដ្ឋានដំបូងដែល គ.ជ.ប មិនទទួលបានបណ្ដឹង ឬក៏បញ្ហាអសកម្មដែលកើតមាន ដែលយើងអាចសន្និដ្ឋានបានថា ថ្ងៃដំបូងនេះគឺប្រព្រឹត្តិទៅដោយមានភាពល្អប្រសើរគណបក្សនយោបាយមានភាពចាស់ទុំ ហើយក៏សង្ឃឹមថានេះគឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសម្រាប់ការចេញទៅបោះឆ្នោតផងដែរ»។

យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែរក្បួន ព្យុហយាត្រាដោយថ្មើរជើង ឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេង ចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់៥ឆ្នាំម្តង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១ម៉ឺន ១ពាន់ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ពាន់ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក