
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រី ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៅប្រទេសម៉ារ៉ុក
ទីក្រុងម៉ារ៉ាកេស៖ ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងឡូជីស្ទីក នៃប្រទេសម៉ារ៉ុក និងជាអគ្គនាយកអង្គការសុខភាពពិភពលោក និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុបានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ (4th Global Ministerial Conference on Road Safety ) នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។
ពិធីបើកជាផ្លូវការដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក អាហ្សីស អាខាន់នូជ (Aziz Akhannouch) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ារ៉ុក។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ ២ ៥០០នាក់ រួមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ តំណាងមកពីអង្គការសង្គមស៊ីវិល ស្ថាប័នអប់រំ និងវិស័យឯកជនមកពី 193 ប្រទេស។
សន្និសីទកម្រិតសកលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ចំណុច រួមមាន៖ ១)ចែករំលែកបទពិសោធន៍ដែលបានអនុវត្តជុំវិញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២)បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេស លើការងារសុវត្ថិភាពចរាចរណ៍ និង ៣) ធ្វើសមាហរណកម្មបន្ថែមលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចបាននូវផែនការទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ (Global Plan of the Decade of Action for Road Safety 2021-2030)។
សន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ គឺ “ពិភពលោកមួយ ផ្លូវមួយ៖ ប្តេជ្ញាចិត្តដើម្បីជីវិត” (One world, one road: commit to life) ជាមួយនឹងការពិភាក្សាផ្តោតលើយុទ្ធសាស្ត្រកែលម្អសុវត្ថិភាពផ្លូវថ្នល់ ការផ្តល់មូលនិធិសុវត្ថិភាព និងលើកកម្ពស់ការគ្រប់គ្រងទិន្នន័យចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។