
លោក អ៊ុំ រាត្រី បានបំផុសយុវជនឱ្យចូលរួមថែរក្សា ស្រលាញ់វប្បធម៌របស់ជាតិខ្មែរ ទប់ស្កាត់ការហូរចូលវប្បធម៌បរទេស
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបំផុសដល់យុវជនទាំងអស់ត្រូវចូលរួមថែរក្សា ស្រាលញ់វប្បធម៌របស់ជាតិខ្មែរ ដែលមានតាំងពីយូរលង់ ឱ្យបានគង់វង្ស ដោយយុវជនត្រូវចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលពីវប្បធម៌ដ៏ផូផង់ របស់ដូនតា ដែលបានបន្សល់ទុក ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងចូលរួមថែរក្សាវប្បធម៌ទាំងនេះឲ្យបានគង់វង្សយូរអង្វែង។
លោក អ៊ុំ រាត្រី ថ្លែងបែបនេះនៅក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជន ដើម្បីវប្បធម៌ជាតិ» នៅរៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានលើកឡើងថា ស្រទាប់យុវវ័យមួយចំនួនធំបច្ចុប្បន្ន កំពុងភ្លើតភ្លើនតាមវប្បធម៌បរទេស គ្របដណ្តប់យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យព្រលឹងវប្បធម៌ជាតិ ត្រូវឃ្លាតឆ្ងាយគួរឱ្យសោកស្តាយបំផុត ហើយវប្បធម៌បរទេសទាំងនោះបានឆ្លៀតបញ្ចូល និងពង្រីកប្រពៃណីវប្បធម៌ ជាតិសាសន៍គេ ចូលមកក្នុងទឹកដីនៃមាតុភូមិកម្ពុជា។
ដូច្នេះភារកិច្ចដ៏ចាំបាច់បំផុតរបស់កម្ពុជាទាំងអស់គ្នា គឺត្រូវទប់ស្កាត់នៃការហូរចូលវប្បធម៌ជាតិសាសន៍ដទៃ និងត្រូវរួមគ្នាលើកតម្កើង ការពារយ៉ាងប្តូរផ្តាច់នោះគឺ អរិយធម៌ វប្បធម៌ ប្រពៃណីជាតិខ្មែរយើង សមស្របនិងពាក្យស្លោកថា "វប្បធម៌រលត់ជាតិរលាយ វប្បធម៌ ពណ្ណរាយជាតិថ្កើនថ្កាន”។
លោក យង់ តាំងកួយ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តបនមទាយមានជ័យ បានឱ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ មានស្ថានីយ៍បុរាណសរុបៈ ១៣៨១ កន្លែង ក្នុងនោះមានប្រាសាទ ៣២កន្លែង,ទួលប្រាសាទមាន៥០១កន្លែង,ទួលបុរាណ២៧៨ កន្លែង,ទួលកប់សពបុរាណ៩០កន្លែង, ឡបុរាណមាន២៨កន្លែង, ទីតាំងយកថ្មបុរាណ៣កន្លែង, ផ្លូវបុរាណមាន១៣កន្លែង, ស្ពានបុរាណ ១០កន្លែង, ស្រះបុរាណមាន ៣៦៤កន្លែង, បារាយណ៍៤៥កន្លែង, ទំនប់បុរាណ ៥កន្លែង,រន្ធតាដេវ ១១កន្លែង, ស្ថានីយ៍កំណាយ ៣កន្លែង៕