ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អាមេរិកបង្ហាញពីគោលជំហខ្លួនក្នុងការបន្តធ្វើការជាមួយកម្ពុជាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម

ភ្នំពេញ៖ ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink បានបង្ហាញពីគោលជំហរបស់សហរដ្ឋអាមេរិកក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និត ជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោក Daniel J. Kritenbrink បញ្ជាក់ដូចនេះ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួបនេះ ឧបការីរដ្ឋមន្រ្តីការបរទេស បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំលឹកអំពីជំនួបជាមួយ សម្តេចធិបតីនាឱកាសសម្ដេចធិបតី ជួបពិភាក្សាការងារជាមួយលោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំ២០២៣ ផងដែរ។

លោក Daniel J. Kristenbrink ក៍បានបង្ហាញពីគោលជំហរបស់សហរដ្ឋអាមេរិកក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និត ជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជានឹងក្លាយជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិក ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៧។

ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការតំបន់ និងអន្តរជាតិផងដែរ រួមទាំងជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ កន្លងទៅ។

ទន្ទឹមនោះដែរ សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក Daniel J. Kritenbrink និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានកត់សម្គាល់អំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។

នាជំនួបនេះ សម្តេចធិបតី និងលោក Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវិស័យការពារជាតិនិងសន្តិសុខ ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក