នេប៉ាល់៖ ការធ្លាក់យន្តហោះ Yeti Airlines នៅប្រទេសនេប៉ាល់ ដែលបានសម្លាប់មនុស្ស ៧២នាក់ កាលពីជិតមួយឆ្នាំមុន គឺបណ្តាលមកពីអ្នកបើកយន្តហោះយល់ច្រឡំអំពីការកាត់ផ្តាច់កុងតាក់ ដែលនាំទៅដល់ការផ្អាកខ្យល់អាកាសក្នុងយន្តហោះទាំងមូល។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមស៊ើបអង្កេតដែលត្រូវបានជ្រើសតាំងដោយរដ្ឋាភិបាលនេប៉ាល់កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូម្សិលមិញនេះ។
យន្តហោះ ATR 72 ដំណើរការដោយក្រុមហ៊ុន Yeti Airlines បានធ្លាក់មុនពេលចុះចតនៅទីក្រុងទេសចរណ៍ Pokhara កាលពីថ្ងៃទី១៥ ខែមករា ជាឧបទ្ទវហេតុធ្លាក់យន្តហោះដ៏អាក្រក់បំផុតមួយរបស់ប្រទេសនេប៉ាល់ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ។ នៅលើយន្តហោះដែលទទួលរងគ្រោះថ្នាក់នេះមានផ្ទុកមនុស្សចំនួន ៧២នាក់ ក្នុងនោះមានទារកចំនួន ២នាក់ រួមជាមួយបុគ្គលិកលើយន្តហោះចំនួន ៤នាក់ និងភ្ញៀវទេសចរណ៍ចំនួន ១៥នាក់ ដោយពុំមាននរណារួចផុតជីវិតពីក្នុងហេតុការណ៍នេះឡើយ។
លោក Dipak Prasad Bastola វិស្វករអាកាសយានិក និងជាសមាជិកនៃក្រុមស៊ើបអង្កេត បាននិយាយថា ដោយសារតែកង្វះការយល់ដឹង និងខ្វះនីតិវិធីប្រតិបត្តិការស្តង់ដារ អ្នកបើកយន្តហោះបានដាក់កម្រិតលក្ខខណ្ឌ ដែលគ្រប់គ្រងថាមពលមិនប្រក្រតីមួយចំនួន។ លោកបានប្រាប់មកកាន់សារព័ត៌៌មានថា កំហុសឆ្គងនេះបាននាំឱ្យម៉ាស៊ីនដំណើរការខុសធម្មតា ហើយយន្តហោះបានបន្តហោះឡើងប្រមាណជា ៤៩វិនាទីទៀត មុនពេលវាធ្លាក់ចុះមកដី។
គួរឱ្យដឹងថា យន្តហោះ ATR 72 មានក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសបារាំង ហើយម៉ាស៊ីនរបស់យន្តហោះត្រូវបានផលិតនៅប្រទេសកាណាដាដោយក្រុមហ៊ុន Pratt & Whitney Canada។ ឧប្បត្តិហេតុនេះគឺជាការធ្លាក់យន្តហោះដ៏សាហាវបំផុតរបស់ប្រទេសនេប៉ាល់ រាប់ចាប់តាំងពីឆ្នាំ១៩៩២ ដែលកាលណោះមានហេតុការណ៍ធ្លាក់យន្តហោះ Airbus A300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលបានធ្លាក់លើភ្នំមួយនៅជិតទីក្រុង Kathmandu ដោយបានសម្លាប់មនុស្សសរុបទាំងអស់ចំនួន ១៦៧នាក់នៅលើយន្តហោះនោះ។
គួររំឮកថា មានមនុស្សប្រមាណជា ៣៥០នាក់ហើយបានស្លាប់ដោយហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងប្រទេសនេប៉ាល់ ជាទីតាំងភូមិសាស្រ្តដែលសំបូរទៅដោយភ្នំខ្ពស់ៗបំផុតប្រមាណជា ១៤ភ្នំ រួមទាំងភ្នំអេវើរេសផងដែរនោះ ជាកន្លែងដែលការប្រែប្រួលអាកាសធាតុភ្លាមៗអាចបណ្តាលឱ្យមានស្ថានភាពគ្រោះថ្នាក់សម្រាប់ការហោះហើរ។ សហភាពអឺរ៉ុបបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ពីដែនអាកាសរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៣ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព៕