ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីកសិកម្ម ជំរុញដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឱ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការចរាចរជួញដូរគ្រឿងញៀនតាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ជំរុញដល់រដ្ឋបាលបន្ទាយមានជ័យ បម្រើសេវាជូនប្រជាពលរដ្ឋទៅបានល្អ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការចរាចរជួញដូរគ្រឿងញៀន តាមបន្ទាត់ព្រំដែន។

លោក ឌិត ទីណា លើកឡើងដូចនេះ ក្នុងឱកាសរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះលោក ឌិត ទីណា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធនានានៅជុំវិញខេត្ត ដែលបានសម្រេចនូវសមិទ្ធផលយ៉ាងត្រចេះត្រចង់។

ក្នុងនោះ លោក ឌិត ទីណា ក៏បានជុំរុញណែនាំដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយមិនត្រូវទាមទារកម្រៃសេវាក្រៅផ្លូវណាមួយ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

ទន្ទឹមជាមួយគ្នានោះលោក ក៏បានធ្វើការណែនាំបន្ថែមទៅដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជូនដល់ពលរដ្ឋឱ្យបន្តចូលរួមអនុវត្តឱ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីលុបបំបាត់នូវរាល់អសន្តិសុខនៅក្នុងមូលដ្ឋាន ដូចជាល្បែងស៊ីសង ក្មេងទំនើង បទល្មើសផ្សេងៗ ជាពិសេសការចរាចរជួញដូរគ្រឿងញៀន ដែលទាមទារឱ្យមានការសហការគ្នាល្អពីមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ចូលរួមសហការរាយការណ៍ ជូនសមត្ថកិច្ច បង្ក្រាបឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោក អ៊ុ រាត្រី អភិបាលខេត្ត ក៏បានរាយការណ៍សង្ខេបជូនអង្គពិធីអំពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។

លោក អ៊ុ រាត្រី ក៏បានលើកឡើងពីសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែន មានលក្ខណៈល្អប្រសើរ ដោយរក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ បានប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍រណ៍។

លោកបញ្ជាក់ថា រដ្ឋបាលខេត្តតែងតែសហការជាមួយនឹងភាគីប្រទេសថៃ ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗបានយ៉ាងល្អប្រសើរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក