ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកនាំពាក្យក្រសួងមហាផ្ទៃបកស្រាយជុំវិញការសិក្សាធ្វើប័ណ្ណបើកបរម៉ូតូដែលមានកម្លាំងចាប់ពី ៦០CC ឡើងទៅ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសព័ត៌មាន ក្រោយមានការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់រដ្ឋមន្រ្តីមហាផ្ទៃដែលបានធ្វើឱ្យសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ គឺធ្វើឡើងដើម្បីបកស្រាយពីអនុសាសន៍របស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC» ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត» នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍ជូនអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា អនុសាសន៍របស់ លោក ស សុខា គឺចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការអនុវត្តនោះ ហើយការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃនឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា ជារួមពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី "60CC" ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទ ក ខ ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្តែង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អនុសាសន៍របស់លោក ស សុខា គឺជា «ផែនការសម្រាប់អនាគត» ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និង ជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ ពោលគឺពុំទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក