ផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជាថានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។
ដោយឡែក នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ ហើយព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា។
ក្រសួងបានឱ្យដឹងថា លក្ខណៈទាំងនេះនឹងធ្វើឲ្យកម្ពុជាចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ក្នុងសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦អង្សា។
ចំពោះតំបន់ទំនាបកណ្ដាលនឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សា ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរ លើកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀង ជាបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា និង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះដែរ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរកំសាន្តតាមតំបន់ឆ្នេរ និងកោះ ក្នុងដែនសមុទ្រនៃកម្ពុជា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕

