វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងសាធារណការបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម

កំពង់ចាម៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាមនេះពិតជាមានសារសំខាន់ណាស់សម្រាប់ការពារបរិស្ថាន និងសុខភាពលរដ្ឋ។ លោកថ្លែងថា ប្រសិនគ្មានគម្រោងទាំងនេះទេ ទឹកកខ្វក់នឹងហូរចូលបឹងបូរ ស្រែចម្ការ បង្កឱ្យប៉ះពាល់ដល់បរិស្ថាន សុខភាពពលរដ្ឋ និងទន្និផលដំណាំផ្សេងៗផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ តាមរយៈការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយកម្ពុជាជាប្រទេសមានសុខសន្តិភាព បង្កើតឱកាសឱ្យរាជរដ្ឋាភិបាលអាចកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យជាដើម។ ជាមួយគ្នានេះទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា និងទាក់ទាញភ្ញៀវទេសចរបរទេសមកលេងនៅកម្ពុជាបង្កើតការងារជូនពលរដ្ឋខ្មែរដើម្បីកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា បានលើកឡើងថា ការបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ក្រុងកំពង់ចាម គឺជាការបង្ហាញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្រុងកំពង់ចាម សំដៅលើកកម្ពស់សុខមាលភាព ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុងកំពង់ចាម និងការការពារបរិស្ថានប្រកបដោយនិរន្តភាព។

លោកអភិបាលខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា ប្រព័ន្ធលូក្នុង ក្រុងកំពង់ចាម បច្ចុប្បន្ននេះមានប្រវែង ៣៦,៣៧៦ម៉ែត្រ។ ប៉ុន្តែប្រព័ន្ធលូមិនទាន់មានលក្ខណៈស្តង់ដាបច្ចេកទេស ដែលមិនអាចឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម។ ពិសេសប្រព័ន្ធលូ មិនអាចឆ្លើយតបបាននៅក្នុងរដូវវស្សា ដែលបណ្ដាលឱ្យក្រុងកំពង់ចាមទទួលរងការជន់លិចដោយទឹកភ្លៀង។

លោកសុំការយោគយល់ និងអធ្យាស្រ័យពលរដ្ឋក្នុងអំឡុងជីកកាត់ផ្លូវក្នុងការរៀបចំប្រព័ន្ធលូ។

តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Tony Gill បានលើកឡើងថា តាមរយៈគម្រោងខាងលើនេះ នឹងអាចជួយសំអាតទឹកសម្អុយ អាចរំដោះទឹកភ្លៀង បញ្ចៀសជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ចាមដែលនាំឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។

គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម គ្រោងចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិកដែលជាកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ដែលចាប់ផ្តើមការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥។

ប្រព័ន្ធលូនិងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម សាងសង់នៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៤៣៩,៤៥ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ ដូចជា សង្កាត់កំពង់ចាម បឹងកុក វាលវង់ និងសង្កាត់សំបួរមាស។ ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាមនេះ អាចចម្រោះទឹកកខ្វក់តាមផ្ទះ និងអាគារការិយាល័យជិត ៤ពាន់កន្លែងក្នុងក្រុងកំពង់ចាម បានចំនួន ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក