សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអះអាងថា ត្រកូល «ទៀ» មិនដែលមានមហិច្ឆិតាប្រជែងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដូចការលើកឡើងរបស់អ្នកនយោបាយ និងសារព័ត៌មានបរទេសមួយចំនួនលើក នោះទេ។
ថ្លែងនៅចំពោះមុខកងពលតូចអន្តរាគមន៍លេខ៥ ឈរជើងនៅក្នុងភូមិសាស្រ្តស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ និងកងទ័ពប្រចាំសមរភូមិមុខយោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងសៀមរាប ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោក ទៀ សីហា បានលើកឡើងថា គ្មានហេតុផលណាដែលរដ្ឋមន្ត្រីការពារជាតិដែលឪពុកលោកគឺ សម្ដេចពិជ័យសេនា ទៀ បាញ់ ជំទាស់នឹងការសម្រេចចិត្តរបស់បក្សប្រជាជនក្នុងការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតរបស់បក្សនោះទេ។
លោកបានលើកឡើងថា៖ «ចាប់តាំងពីតូចដល់ធំដឹងក្តី នៅពេលទទួលទានអាហារជុំគ្នា សម្តេចពិជ័យសេនា ទៀ បាញ់ តែងតែទូន្មានកូនចៅ ឲ្យគោរពគាំទ្រការពារ សម្តេចតេជោ ហ៊ុន សែន ដល់អស់ដង្ហើមរៀងៗខ្លួន»។
លោក ទៀ សីហា បានលើកឡើងថា លោកមិនត្រឹមតែគ្មានបំណងធ្វើនាយករដ្ឋមន្ត្រីនោះទេ ថែមទាំងគាំទ្រដល់បេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី៧ របស់សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រពេញទំហឹងចំពោះបេក្ខជនបន្តវេននាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត ថែមទៀតផង។
ការលើកឡើងរបស់លោក ទៀ សីហា ធ្វើឡើងបន្ទាប់ពីមានអ្នកនយោបាយក្រៅសង្វៀន សម រង្ស៊ី និងសារព័ត៌មានដែលទទួលជំនួយពីបរទេសមួយចំនួនបានចុះផ្សាយថាសម្តេចពិជ័យសេនា ទៀ បាញ់ មានបំណងចង់ឲ្យកូនប្រុសម្នាក់របស់សម្តេចដែលកំពុងកាន់តួនាទីជាអភិបាលខេត្តសៀមរាប ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន ជំនួសលោក ហ៊ុន ម៉ាណែត។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា យល់ថាការបង្កើតព័ត៌មានដែលថាត្រកូល ទៀ មានបំណងក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រីគឺជាការព្យាយាមញុះញង់បំបែកបំបាក់សាមគ្គីភាពគណបក្សប្រជាជនកម្ពុជា ដែលលោកថាការធ្វើបែបនេះមិនជោគជ័យនោះទេ។
អ្វីដែលលោកហ៊ានអះអាងបែបនេះព្រោះគណបក្សប្រជាជនគឺជាគណបក្សមួយដែលមានភាពរឹងមាំ មានរចនាសម្ព័ន្ធ និងការសម្រេចត្រឹមត្រូវតាំងពីដំបូងមកម្លេះ។
លោកថា៖ «អ្វីដែលការលើកឡើងនោះគឺច្បាស់ហើយថាជាការញុះញង់ បង្ករការសង្ស័យមិនទុកចិត្តគ្នា តែច្បាស់ហើយថាមិនអាចទទួលបានជោគជ័យទេ។ [...] មួយវិញទៀតយើងត្រូវដឹងថាគណបក្សប្រជាជនកម្ពុជាបានបែងចែកតួនាទីបានបែងចែកនូវភារកិច្ច និងការទទួលខុសត្រូវទាំងក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាននោះគឺច្បាស់លាស់ហើយ»។
រដ្ឋមន្ត្រីការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក ទៀ សីហា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយច្រានចោលការលើកឡើងដែលបានចាត់ទុកការចុះផ្សាយថាក្រកូល ទៀ មានមហិច្ចិតាប្រជែងតំណែងនាយករដ្ឋមន្ត្រីគឺជាចេតនាញុះញង់បំបែកបំបាក់ជាតិ។
រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានអំពាវនាវដល់ជនរួមជាតិសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត៕