កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ទទួលបានការគាំទ្រពេញទំហឹងពីចិន

ភ្នំពេញ៖ នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសចិន បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយអនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទេសចិន លោក ZHANG Zhiqing ជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង តាមអនុសាសន៍ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ។

ភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់ និងបានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងធំៗចំនួន៣ ទៅដល់គណៈប្រតិភូ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន ដែលក្នុងនោះមាន គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុង រួមទាំងគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ។

ជាការឆ្លើយតប លោក ZHANG Zhiqing បានឱ្យដឹងថា ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប កំពុងពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ ដោយឡែកចំពោះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភាគីចិនស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សា ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញ។

គួរឱ្យដឹងដែរថា ទំនួលខុសត្រូវចម្បងរបស់នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសគឺ ផ្តល់ជូននូវយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយសម្រាប់ការប្រើប្រាស់ទុនបរទេស និងការវិនិយោគក្រៅប្រទេស និងពិនិត្យវាយតម្លៃគម្រោងសំខាន់ៗ រួមទាំងផ្តល់នូវការណែនាំ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគម្រោងធំៗ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពផលិតកម្មផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក