រកឃើញពងអណ្តើកហ្លួងចំនួន ៤សម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្បែរស្រះបង្កាត់ពូជក្នុងខេត្តកោះកុង
កោះកុង៖ ក្រុមការងារអភិរក្សអណ្តើកនៃអង្គការ WCS និងរដ្ឋបាលជលផលខេត្តកោះកុង បានរកឃើញពងអណ្តើកហ្លួងចំនួន ៤សម្បុកដែលមានពងសរុបចំនួន ៥៤គ្រាប់ កាលពីថ្ងៃទី១៦ និងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។
ក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយបានឃើញថាមានអណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៩យប់ ដល់ពាក់កណ្តលយប់កាលពីថ្ងៃទី១៦ និង១៨ ខែមករា ដើមសប្តាហ៍កន្លងទៅនេះ។
ក្រុមការងារសង្ឈឹមថា ការរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលលើកនេះ នឹងបន្តរកឃើញបន្ថែមទៀតក្នុងរដូវពងកូនចាប់ពីខែមករា ដល់ខែមីនាឆ្នាំនេះ ខណៈឆ្នាំនេះជាឆ្នាំទី៣ហើយអណ្តើកហ្លួងចិញ្ចឹមបានពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។
កាលពីឆ្នាំ២០២២ ក្រុមការងារបានរកឃើញពងអណ្តើកហ្លួងនៅលើឆ្នេរខ្សាច់ដដែលនេះចំនួន ៩សម្បុក មានពងសរុបចំនួន ៨១គ្រាប់ និងញាស់បាន ៣៣កូន។
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨៤ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥មក ក្រុមការងារបានលែងអណ្តើកហ្លួងជំទង់ចំនួន ១៤៧ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ។ អណ្តើកជំទង់និងស្ទើរជំទង់នៅក្នុងមជ្ឈមណ្ឌលត្រូវបានក្រុមការងារចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន៤។ ចំណែកឯកូនអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិកមុននឹងផ្ទេរចូលក្នុងស្រះបង្កាត់ពូជ។
ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទអណ្តើកហ្លួងនេះឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ។
អណ្តើកហ្លួង មានឈ្មោះជាភាសាអង់គ្លេសថា Southern River Terrapin និងឈ្មោះវិទ្យាសាស្ត្រថា Batagur affinis។ អណ្តើកប្រភេទនេះត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUC ថាជាប្រភេទជិតផុតពូជបំផុត។ នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញព្រះរាជក្រឹត្យចាត់ចំណាត់ថ្នាក់ប្រភេទនេះជា សត្វល្មូនជាតិតំណាងឱ្យកម្ពុជា។
កន្លងមកអណ្ដើកហ្លួងនេះ ធ្លាប់ត្រូវបានក្រុមការងារអភិរក្សសន្និដ្ឋានថាបានផុតពូជនៅតាមទន្លេសាប និងទន្លេរមេគង្គ ក្នុងប្រទេសកម្ពុជា។ រហូតដល់ឆ្នាំ២០០១ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្ដើកហ្លួងមួយចំនួនតូចនៅសេសសល់តាមព្រែកស្រែអំបិល ខេត្តកោះកុង។
ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្ដើកនេះកុំឱ្យផុតពូជ។ តែទោះបីជាខិតខំប្រឹងប្រែងដើម្បីអភិរក្សសត្វមួយប្រភេទនេះអស់រយៈពេល ១៥ឆ្នាំកន្លងមក ប៉ុន្តែចំនួនអណ្តើកហ្លួងពុំមានការកើនឡើងច្រើនឡើយ ដោយសារការគំរាមកំហែងនូវកត្តាមួយចំនួនដូចជា ការធ្វើអាជីវកម្មខ្សាច់ ការបាត់បង់ទីជម្រក ការប្រមាញ់យកទៅបរិភោគ និងធ្វើជាឱសថបុរាណ។
យោងតាបច្បាប់ស្តីពីជលផលមាត្រា៩២ អំពើល្មើសច្បាប់ផ្សេងៗដូចជា ការចាប់ ការលក់ ការទិញ ការដឹកជញ្ជូន ការប្រមូល ការនាំចេញ ការនាំចូល ការកែច្នៃ និងការស្ដុកទុកផលិតផលជលផល នៃប្រភេទជិតផុតពូជ ត្រូវពិន័យដោយរដ្ឋបាលជលផលជាសាច់ប្រាក់ពី២ ទៅ៣ដងនៃតម្លៃទីផ្សារដាក់ស្តែង៕