
អាយឆាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំប្រជុំពិសេសលើកទី២នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា
សៀមរាប៖ អាយឆាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធក្នុងទម្រង់នៃកិច្ចប្រជុំដោយផ្ទាល់ ចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប។
ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់អាយឆា ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំអោយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។
កិច្ចប្រជុំពិសេសលើកទី២ ប្រចាំឆ្នាំ២០២២ របស់អាយឆានេះ នឹងធ្វើការពិនិត្យពិភាក្សាលើឯកសារ ទស្សនាទាននៃសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០១៩-២០២២ បច្ចុប្បន្នភាពនៃសកម្មភាព អាទិភាពរបស់អាយឆាពីឆ្នាំ២០១៤-២០២២ របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួចហើយ វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។
បន្ថែមលើនេះ ក្នុងកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆាឆ្នាំ២០២២ លោក កែវ រ៉េមី នឹងដឹកនាំគណៈប្រតិភូអាយឆា ក្នុងកិច្ចប្រជុំដាច់ដោយឡែករវាងអោយឆា និងអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរបស់អាយឆា និងអង្គការសហប្រជាជាតិ ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុង តំបន់អាស៊ាន។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ អាយឆាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួប លើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលជាឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិ មនុស្សរបស់អាស៊ាន ហើយដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២។ ពិធីនេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីដោយ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ដោយឡែកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ អាយឆាកម្ពុជា និងអាយឆាឥណ្ឌូណេស៊ី នឹងធ្វើជាសហប្រធាន នៃកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ានឆ្នាំ២០២២។
នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសលើកទី២របស់អាយឆាឆ្នាំ២០២២នេះ នឹងមានពិធីប្រគល់តួនាទីជាប្រធានអាយឆាឆ្នាំ២០២៣ ជូនទៅតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆា៕