ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក Joseph R. Biden, Jr., បាន បញ្ជាក់ ពី ដំណើរ ទស្សនកិច្ច របស់ លោក មក កម្ពុជា ដើម្បី ចូលរួម កិច្ចប្រជុំ កំពូល អាមេរិក-អាស៊ាន និង កិច្ចប្រជុំ កំពូល អាស៊ីបូព៌ា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមកទីក្រុងភ្នំពេញនៅថ្ងៃទី១២-១៣ ខែវិច្ឆិកា សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំចំនួន២ នៅកម្ពុជា ប្រភពដដែលបានឲ្យដឹងទៀតថា លោក ចូ បៃឌិន នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ីអាគ្នេយ៍ និងតំបន់កណ្តាលអាស៊ាន ដោយកសាងភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានជាប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «លោកប្រធានាធិបតីនឹងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងសុខុមាលភាពនៃប្រជាជនរួមមួយពាន់លាននាក់របស់ពួកគេ»។
ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា៕