ភ្នំពេញ៖ ក្រសួងសាធារណការឱ្យដឹងថានឹងដាក់ដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរដោយមិនបង់ប្រាក់រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
ការដាក់ឱ្យធ្វើដំណើរដោយមិនគិតថ្លៃនេះគឺដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ កម្មករ សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
សម្រាប់សំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើងនឹងចែកជូនផ្ទាល់នៅស្ថានីយរាជាយស្ម័យយាន (ស្ថានីយរថភ្លើងភ្នំពេញ) និងនៅតាមស្ថានីយនៃបណ្ដាខេត្តរយៈពេល ២ថ្ងៃមុនថ្ងៃចេញដំណើរចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៥ល្ងាច។
យោងតាមសេចក្ដីជូនដំណឹងគោលដៅខ្សែរថភ្លើងនឹងឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង តាកែវ កំពត និងខេត្តព្រះសីហនុ៕