៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

នគរបាលចរាចរណ៍នឹងរឹតបណ្តឹងច្បាប់ចរាចរណ៍នៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាប់ពីដើមខែធ្នូ តទៅ

ព្រះសីហនុ៖ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ តទៅ នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមរឹតបណ្ដឹងចំពោះការបើកបររបស់ប្រជាពលរដ្ឋលើផ្លូវល្បឿនដោយធ្វើការត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថាដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ជៀសវាងការបើកបរលើសល្បឿនកំណត់ កម្លាំងនគរបាលផ្លូវល្បឿនលឿននឹងធ្វើការត្រួតពិនិត្យល្បឿន និងមានវិធានការផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានលើកឡើងថា ការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ នៅលើផ្លូវល្បឿនលឿននេះ គឺធ្វើឡើងដើម្បីធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន សូមបើកបរដោយគោរពច្បាប់ បើកបរត្រឹមត្រូវទៅតាមគន្លងវ៉ាជែង គន្លងធម្មតា ដោយមិនត្រូវបើកបរលើគន្លងអាសន្ននោះទេ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានសម្ពោធជានិមិត្តរូប ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ កម្ពុជា-ចិន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តភ្ជាប់ពីសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។

ផ្លូវល្បឿនលឿនមួយខ្សែនេះ ត្រូវបានចំណាយពេលជាង ៤០ខែក្នុងការសាងសង់ ដោយក្រុមហ៊ុន Cambodia PPSHV Expressway Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយមានក្រុមហ៊ុន Minconsult SDN BHD ជាទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុន AECOM Asia Company Limited ជាទីប្រឹក្សាវិស្វកម្មឯករាជ្យ។ វិនិយោគក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគ “សាងសង់-ប្រតិបត្តិការ-ផ្ទេរ” (BOT: Build-Operate-Transfer) ជាមួយរយៈពេលវិនិយោគចំនួន ៥០ឆ្នាំ។

នៅតាមបណ្តោយផ្លូវមានទីតាំងឈប់សម្រាកចំនួន ៣កន្លែងដូចជា៖ ទីតាំងកំពង់ស្ពឺខាងលិច (គ.ម ៦៣) ទីតាំងកំពង់សិលា (គ.ម ១០៩) ទីតាំងព្រៃនប់ខាងលិច (គ.ម ១៥៦) និងចំណត ១កន្លែង ត្រង់ទីតាំងកំពង់ស្ពឺ (គ.ម ៤០)។ មានស្ថានីយចេញចូល រួមនិងបញ្ជរគិតប្រាក់ចំនួន ៨កន្លែង ដូចជា៖ស្ថានីយភ្នំពេញ (គ.ម ៣) ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម ២៦) ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម ៤៣) ស្ថានីយត្រែងត្រយឹង (គ.ម ៧៦) ស្ថានីយកំពង់សិលា (គ.ម ១១៤) ស្ថានីយស្រែអំបិល (គ.ម ១៣៥) ស្ថានីយស្ទឹងហាវ (គ.ម ១៧២) និងស្ថានីយក្រុងព្រះសីហនុ (គ.ម ១៨២)។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជា ៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖ គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា គន្លងផ្លូវសម្រាប់វ៉ាជែង និងគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ដោយមានការកំណត់ល្បឿនក្នុងការបើកបរ ទៅតាមប្រភេទយានយន្ត ចន្លោះពី៦០គីឡូម៉ែត្រ ដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ផ្លូវនេះដែរ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន (ពី ៥ម៉ោង មកត្រឹម ២ម៉ោង) ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ វានឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក