កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រដ្ឋមន្ត្រីសាធារណការចុះពិនិត្យបច្ចេកទេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទាំងយប់ដើម្បីឱ្យប្រាកដពីស្ដង់ដារសុវត្ថិភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចុះពិនិត្យលក្ខណៈបច្ចេកទេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្នុងពេលយប់ដើម្បីឱ្យប្រាកដពីការរៀបចំស្ដង់ដារសុវត្ថិភាព ចំណាំងផ្លាត និងភ្លើងបំភ្លឺលើផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាយប់ថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាការចុះពិនិត្យនៅពេលយប់នេះគឺដើម្បីពិនិត្យឱ្យប្រាកដថាផ្លូវមានធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់បានទាំងថ្ងៃនិងយប់។

លោកទេសរដ្ឋមន្ត្រីឱ្យដឹងថា៖ «យើងធ្វើដំណើរទាំងអស់គ្នាមើលទាំងអស់គ្នាថាចំណាំផ្លាតមានគ្រប់គ្រាន់ឬមិនគ្រប់គ្រាន់។ […] អ្នកខ្លះបារម្ភថាអត់មានភ្លើងបំភ្លឺផ្លូវអាចមានគ្រោះថ្នាក់អីអញ្ចឹងណា តែអត់មានទេ! បើឡានរបស់យើងមានភ្លើងត្រឹមត្រូវ យើងគោរពតាមច្បាប់ចរាចរណ៍ មើលផ្លាកសញ្ញាគេត្រឹមត្រូវតាមល្បឿន តាមគេឌីហ្សាញផ្លូវហ្នឹងគឺយើងមិនមានបញ្ហាអីទេ!»។

លោកទេសរដ្ឋមន្ត្រីបានវាយតម្លៃស្ដង់ដារផ្លូវល្បឿនលឿនដំបូងគេនេះថាមានគុណភាពខ្ពស់ដែលអាចប្រើប្រាស់បានដោយទុកចិត្ត។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

តាមការឱ្យដឹងពីរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល១ខែពេញខែតុលាខាងមុខ ខណៈនឹងចាប់ផ្ដើមបើកទូទាត់ប្រាក់នៅខែវិច្ឆិកាខាងមុខនេះស្របតាមលក្ខខណ្ឌដែលមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក